ព្រះសីហនុ ៖ ជនជាតិចិនចំនួន៤នាក់ ដែលជាម្ចាស់អគារ ថៅកែក្រុមហ៊ុនម៉ៅការសំណង់ និងអ្នកពាក់ព័ន្ធ២នាក់ទៀត ក្នុងករណីបាក់រលំអគារកម្ពស់៧ជាន់ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ បណ្ដាលឲ្យមនុស្សចំនួន២៨នាក់ស្លាប់ និង២៦នាក់របួសធ្ងន់ និងស្រាលនោះ ត្រូវបានសាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនហើយ នេះបើយោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់សាលាដំបូងខេត្តព្រះសីហនុ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។
តាមដីកានោះ បញ្ជាក់ថា ទី១. ឈ្មោះ Cheng Kun ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន ជាម្ចាស់សំណង់អគារកម្ពស់៧ជាន់ មានត្រូវបានតុលាការដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ “មនុស្សឃាតដោយអចេតនា បង្កឲ្យមានរបួសដោយអចេតនា និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារបង្ករបួសស្នាមដល់អ្នកដទៃ” ផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា២០៧ មាត្រា២៣៦ និងមាត្រា៤១៤ នៃក្រមព្រហ្មទណ្ឌ ទី២. ឈ្មោះ Deng Xin Gul ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន មុខរបរថៅកែម៉ៅការសសំណង់ ទី៣, ឈ្មោះ Gao Yu ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន ទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ មុខរបរជាងសំណង់ និងទី៤. ឈ្មោះ Xie Ya Ping ភេទស្រី អាយុ៤៣ឆ្នាំ ជាជនជាតិចិន ទីលំនៅបច្ចុប្បន្ននៅផ្ទះជួល ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មុខរបរមើលការងារក្នុងការដ្ឋាន។ ពួកគេទាំង៣ ខាងក្រោម ត្រូវបានតុលាការដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ “សមគំនិតក្នុងអំពើមនុស្សឃាតដោយអចេតនា សមគំនិតក្នុងអំពើបង្កឲ្យមានរបួសដោយអចេតនា និងសមគំនិតក្នុងអំពើធ្វើឲ្យខូចដោយចេតនា មានស្ថានទម្ងន់ទោសដោយសារបង្ករបួសស្នាមដល់អ្នកដទៃ” ផ្ដន្ទាទោសតាមបញ្ញត្តិមាត្រ២៩ មាត្រា២០៧ មាត្រា២៣៦ និងមាត្រា៤១៤ នៃក្រមព្រហ្មទណ្ឌ។
សូមរំលឹកថា អាគារដែលរលំបាក់នេះ ជាប្រភេទសណ្ឋាគារ នៅជិតកន្លែងលាងរថយន្តអារុណរះ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានបាក់រលំ នៅពីវេលាម៉ោងជិត៤ ជិតភ្លឺ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ដែលនេះ ជាមហន្តរាយលើកដំបូងសម្រាប់វិស័យសំណង់នៅខេត្តព្រះសីហនុ ហើយបើតាមមន្ត្រីជំនាញនានាថ្លែងថា ការបាក់រលំនេះកើតឡើងដោយសារបញ្ហាបច្ចេកទេសសំណង់ ហើយសំណង់អាគារនេះ ត្រូវបានក្រសួងរៀបចំដែនដី ចុះហាមឃាត់ចំនួន២ដងរួចមកហើយ ប៉ុន្តែម្ចាស់ ដែលជាជនជាតិចិន មិនព្រមស្តាប់ និងនៅតែបន្តសាងសង់ដោយចិត្តឯង។ សំណង់នោះត្រូវបានសាងសង់លើផ្ទៃដី៥៨៣ម៉ែត្រក្រឡា សាងសង់ដោយការប្រើឆ្អឹងដែក។
អគារកម្ពស់៧ជាន់ ដែលរលំបាក់នេះ ត្រូវបានបញ្ចប់ការរុករក ជួយសង្គ្រោះជនរងគ្រោះ ជាស្ថាពរនៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីបើកប្រតិបត្តិការរុករក និងសង្គ្រោះអស់រយៈពេល២ថ្ងៃកន្លះ ដោយមានការយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៕
ប្រភពពី ការសែតកម្ពុជាថ្មី



No comments:
Post a Comment