ដំឡូងបារាំង ជាប្រភេទរុក្ខជាតិម្សៅម្យ៉ាង ដែលជាដំណាំអាហារដ៏សំខាន់បំផុត សម្រាប់មនុស្សជាតិ។ គេអាចបរិភោគវា ជំនួសបាយ បានទៀតផង។ ជាទូទៅ ដំឡូងបារាំងដុះលូតលាស់ នៅតំបន់ដែលមានអាកាសធាតុត្រជាក់ ហើយវាជាប្រភេទបន្លែម្យ៉ាង ដែលត្រូវបានគេដាំដោយកប់នៅក្នុងដី ហើយបិតជិត។ វាជាប្រភពនៃវីតាមីន B6 ប៉ូតាស្យូម ទង់ដែង វីតាមីន C សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមជាច្រើនផ្សេងទៀត។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍របស់ដំឡូងបារាំងយ៉ាងច្រើន ចំពោះសុខភាពរបស់អ្នក។
១.ធ្វើឲ្យឆ្អឹងរឹងមាំ
សារធាតុដែក ហ្វូស្វ័រ កាល់ស្យូម ម៉ង់កាណែស ដែលមាននៅក្នុងដំឡូងបារាំង រួមចំណែកក្នុងការធ្វើឲ្យឆ្អឹងឆាប់លូតលាស់ ព្រមទាំងធ្វើឲ្យឆ្អឹងរបស់អ្នកមានភាពរឹងមាំ។
២.ជួយដល់ខួរក្បាល
ខួរក្បាលរបស់មនុស្ស ដំណើរការបានល្អ អាស្រ័យលើ កម្រិតនៃជាតិគ្លុយកូស បរិមាណអុកស៊ីសែន វីតាមីនB អ័រម៉ូន អាមីណូអាស៊ីត និងអាស៊ីតខ្លាញ់ ជាដើម ។ ពិតណាស់ ដំឡូងបារាំងមានសារជាតិដែក ដែលអាចជួយផ្តល់អុកស៊ីសែនទៅកាន់ខួរក្បាលរបស់មនុស្ស។ ម្យ៉ាងវិញទៀត វាមានកាបូអ៊ីត្រាតខ្ពស់ ដែលធ្វើឲ្យបរិមាណគ្លុយកូសនៅក្នុងឈាម គ្រប់គ្រាន់ ។ ជារួម ដំឡូងបារាំង មានផ្ទុកគ្រប់សារធាតុទាំងអស់ ដែលខួរក្បាលរបស់អ្នកត្រូវការ ដើម្បីឲ្យមានដំណើរការល្អ។
៣.ការពារការឡើងសំពាធឈាម
មូលហេតុដែលបណ្ដាលឲ្យសំពាធឈាមរបស់មនុស្សឡើងខ្ពស់ មានដូចជា ជំងឺទឹកនោមផ្អែម ភាពតានតឹង ប្រព័ន្ធរំលាយអាហារដំណើរការមិនបានល្អ និងមកពីប្រការផ្សេងៗទៀត។ ដំឡូងបារាំង មានសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងទៅនឹងបុព្វហេតុទាំងនេះ។ វាសម្បូរទៅដោយ វីតាមីន C និងសារជាតិសរសៃ ដែលជួយសម្រួលដល់ការរំលាយអាហារ។ ម្យ៉ាងទៀត ជាតិសរសៃដែលមាននៅក្នុងដំឡូងបារាំង មានប្រយោជន៍ក្នុងការបញ្ចុះកូឡេស្តេរ៉ុល និងធ្វើអោយមុខងារអាំងស៊ុយលីនប្រសើរឡើង ដែលជួយការពារការឡើងសំពាធឈាម។ លើសពីនេះទៅទៀត ប៉ូតាស្យូមដែលរកឃើញនៅក្នុងដំឡូងបារាំង ក៏ជួយឱ្យសំពាធឈាមថយចុះផងដែរ។
៤.ការពារមហារីកពោះវៀន
ដំឡូងបារាំង មានសារធាតុសរសៃ ដែលកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ។ វីតាមីន C និង Quercetin ជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមាននៅក្នុងដំឡូងបារាំង ជួយការពារកោសិកាប្រឆាំងទៅនឹងការខូចខាតរ៉ាឌីកាល់សេរី បានយ៉ាងមានប្រសិទ្ធភាព ពីព្រោះការខូចខាតនេះ អាចបណ្ដាលឲ្យកើតមហារីកពោះវៀនបាន។
៥.ជួយឲ្យឡើងទម្ងន់
ចំណុចនេះ មានសារៈសំខាន់បំផុតសម្រាប់អ្នកណាដែលស្គមខ្លាំង ឬដែលតែងរអ៊ូថា បរិភោគអ្វីក៏មិនចេះឡើងទម្ងន់សោះ។ ប្រសិនបើអ្នកជួបប្រទះនូវបញ្ហាបែបនេះមែន អ្នកអាចសាកល្បងបរិភោគដំឡូងបារាំងជារៀងរាល់ថ្ងៃ អ្នកនឹងឃើញប្រសិទ្ធភាពជាក់ជាពុំខាន។ វីតាមីនC និងB ជួយក្នុងការស្រូបយកជាតិកាបូអ៊ីត្រាតឱ្យបានត្រឹមត្រូវ ដែលជាតិកាបូនអ៊ីត្រាតនេះអាចជួយឲ្យអ្នកឡើងទម្ងន់យ៉ាងឆាប់រហ័ស។
៦.ជួយឲ្យស្បែកស្អាត
កូឡាជែនដែលជាសារធាតុ នៅក្នុងដំឡូងបារាំង ជាសារធាតុសម្រាប់ការពារស្បែក មានមុខងារប្រឆាំងទៅនឹងអុកស៊ីតកម្ម ដែលអាចជួយការពារស្បែកពីពន្លឺព្រះអាទិត្យ ការបំពុល និងផ្សែង ជាដើម។ លើសពីនេះ ដំឡូងបារាំង ក៏ផ្ទុកវីតាមីន C ដែលជួយលើកកម្ពស់សមត្ថភាពរបស់កូឡាជែនផងដែរ ដោយវាការពារ ឬជួយបំបាត់ស្នាមជ្រីវជ្រួញ និងធ្វើឲ្យស្បែកមានសុខភាពល្អ ព្រមទាំងភ្លឺរលោង។
៧.ជួយរំលាយអាហារ
ដំឡូងបារាំង សម្បូរទៅដោយវីតាមីន B6 ដែលដើរតួយ៉ាងសំខាន់នៅក្នុងការរំលាយអាហារ ដោយវាធ្វើការបំបែកកាបូអ៊ីដ្រាតនិងប្រូតេអ៊ីនចូលទៅក្នុងគ្លុយកូស និងអាមីណូអាស៊ីត។ នៅពេលដែលចំណីអាហារត្រូវបានបំបែកឲ្យក្លាយជាបំណែកតូចៗបែបនេះ ប្រព័ន្ធរំលាយអាហារក៏ដំណើរការបានលឿន ព្រមទាំងរំលាយអាហារបានល្អទៀតផង។
៨.សម្បូរជាតិទឹក
អ្នកធ្លាប់ដឹងទេ ថាដំឡូងបារាំងផ្ទុកជាតិទឹកច្រើនណាស់? ជាទូទៅ អ្នកអាចនឹងមិននឹកស្មានថាដំឡូងបារាំងសម្បូរជាតិទឹកនោះទេ ដោយសាររូបរាងរបស់វាណែន ហើយធំ។ ប៉ុន្តែអ្វីដែលមិនគួរឲ្យជឿនោះគឺ តាមការស្រាវជ្រាវបានឲ្យដឹងថា វាមានផ្ទុកទឹកប្រហែល ៧០ ទៅ៨០ភាគរយនៃទំងន់របស់វា។
៩.ព្យាបាលជំងឺសន្លាក់ឆ្អឹង
សារធាតុកាល់ស្យូម និងម៉ាញ៉េស្យ៉ូមដែលមាននៅក្នុងដំឡូងបារាំង ជួយព្យាបាលអ្នកពីជំងឺសន្លាក់ឆ្អឹងនានា។ ម្យ៉ាងវិញទៀតទឹកដែលទទួលបានពីដំឡូងដែលគេបានចម្អិន ជួយបំបាត់ការឈឺចាប់ពីការរលាកសន្លាក់ឆ្អឹង បានយ៉ាងគួរឲ្យកត់សម្គាល់។
ប្រភព៖ Organic Facts

No comments:
Post a Comment